អគ្គនាយកដ្ឋានគោលនយោបាយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានគោលនយោបាយ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត”

30/03/2018

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ហើយនឹងមានការចូលរួមពីសំណាក់មន្ត្រីមកពី មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ និងមន្ត្រីមកពីរតនាគារខេត្ត សរុបជាង ២០០ នាក់ ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ នៃរាជធានីភ្នំពេញ ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងឱ្យមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជ-ធានីខេត្តទាំងអស់ បានស្វែងយល់អំពីបទពិសោធន៍ដ៏ល្អៗលើការប្រើប្រាស់មុខងារនីមួយៗ របស់រតនាគារខេត្តឆ្នើមចំនួនពីរ ដែលជាការដ្ឋានកំពុងប្រើប្រាស់ប្រព័ន្ធ FMIS និងទទួលបាននូវសមិទ្ធកម្មការងារ (Performance) ខ្ពស់ជាងគេក្នុងចំណោមការដ្ឋានខេត្តផ្សេងៗ ដោយបានខិតខំពុះពារ និង ជំនះគ្រប់ឧបសគ្គក្នុងការផ្លាស់ប្តូរបរិបទពីការអនុវត្តការងារដោយដៃ ឬក្រដាស មកប្រើប្រាស់ប្រព័ន្ធទំនើបកម្មដែលប្រើប្រាស់ដោយកុំព្យូទ័រ និង បច្ចេកវិទ្យាព័ត៌មាន បានយ៉ាងជោគជ័យ និង ទទួលផ្លែផ្ការគួរជាទីមោទនៈ សម្រាប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ បន្ថែមពីនេះទៀត គឺដើម្បីបញ្ជ្រាបការយល់ដឹងស៊ីជម្រៅអំពី ទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS, នីតិវិធីអនុវត្តការតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ និង នីតិវិធីអនុវត្តស្តង់ដារ (SOP) ដែលតំណាងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំងអស់ ត្រូវជ្រាប និងស្វែងយល់ឱ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយក្រុមការងារ នាពេលដ៏ខ្លីខាងមុខនេះ ។ ម្យ៉ាងវិញទៀត កម្មវិធីរៀបចំឡើង ដើម្បីជាការបំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំង របស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនីមួយៗ ក៏ដូចជាការគិតគូរ និងវិភាគឱ្យកាន់តែច្បាស់លាស់ ក្នុងការត្រៀមចុះបំពេញកាងារតាមផ្នែក និងសកម្មភាពនីមួយៗឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ ។

គួរជម្រាបជូនផងដែរថា ក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ទាប់ពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)ទទួលបានជោគជ័យ ដោយអត្ថប្រយោជន៍ទាំងនោះរួមមាន៖ ពង្រឹងគណនេយ្យភាពស្ថាប័ន និង ភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា, កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ, តាមដានការអនុវត្តថិវកាបានកាន់តែមានប្រសិទ្ធភាពជាងមុន ទាំងថវិកាថ្នាក់ក្រសួង, ថ្នាក់មន្ទីរ និង អង្គភាពថ្នាក់ក្រោមជាតិនៅក្រោមឱវាទ តាមរយៈការទទួលបាននូវរបាយការណ៍ហិរញ្ញវត្ថុ និង ថវិកាបានដោយខ្លួនឯង និងទាន់ពេលវេលា, ទទួលបាននូវមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យារពេលដល់ការអនុវត្តថវិកា, មានភាពងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកា ដែលមានស្រាប់នៅក្នុងប្រព័ន្ធ, មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកាសម្រាប់ថវិកាថ្នាក់ក្រសួង, មន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិបានដោយខ្លួនឯង និងទាន់ពេលវេលា,  ប្រើប្រាស់ប្រព័ន្ធដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុទៅតាមនីតិវិធីអនុវត្តការងារនានា ។ ជាការពិតណាស់ ដែលនៅពេលដាក់ឱ្យអនុវត្តដំបូង នឹងមានការប្រើប្រាស់ឯកសារក្រដដាសស្នាម ប៉ុន្តែជាបណ្តើរៗ ការប្រើប្រាស់ក្រដាសស្នាមនឹងត្រូវលុបបំបាត់បន្តិចម្តងៗ និង អាចតាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមរយៈលំហូរការងារក្នុងប្រព័ន្ធ FMIS (ពេលបញ្ជូន ពេលពិនិត្យរួច និងពេលអនុម័តរួច ) ។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០១៨ នេះ ប្រព័ន្ធ FMIS ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន១០ និងអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធ ។ ហើយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងបន្តពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់រាជធានី-ខេត្តទូទាំងប្រទេស និង ក្រសួង-ស្ថាប័នចំនួន ១០ ផ្សេងទៀត ដែលនឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បងក្នុងឆ្នាំ ២០១៨ ដោយក្រសួង-ស្ថាប័នទាំងនោះមាន ៖

១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ                    ២. ក្រសួងសាធារណការ និងដឹកជញ្ជូន

៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់                     ៤.ក្រសួងពាណិជ្ជកម្ម

៤. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា                ៦. ក្រសួងធនធានទឹក និងឧតុនិយម

៧. ក្រសួងអភិវឌ្ឍន៍ជនបទ                                                       ៨. ក្រសួងព័ត៌មាន

៩. ក្រសួងទេសចរណ៍                                                                ១០. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

Online MEF Database

កម្រងរូបភាព

អគ្គនាយកដ្ឋានគោលនយោបាយ