អគ្គនាយកដ្ឋានគោលនយោបាយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានគោលនយោបាយ

ការវាយតម្លៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨

20/03/2018

បើទោះបីជាស្ថានភាពពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាជាច្រើន ជាពិសេសភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម ដែលបានធ្វើឱ្យសេដ្ឋកិច្ចចិន, សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតមានកំណើនថមថយក្តី, សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តរក្សាបានកំណើនខ្ពស់ និងរឹងមាំ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ ក្នុងឆ្នាំ ២០១៧ កន្លងទៅ កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧,០% ដែលគាំទ្រដោយកំណើនរឹងមាំនៃអនុវិស័យសំណង់, ការបន្តកំណើននៃអនុវិស័យកាត់ដេរ និងវិស័យកសិកម្ម, ការងើបឡើងខ្លាំងនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអនុវិស័យលក់ដុំ-រាយ។ ទោះជាយ៉ាងនេះក្តី អនុវិស័យកម្មន្តសាលនៅកម្ពុជាដែលផ្តោតលើផលិតកម្មតម្លៃបន្ថែមទាប និងកំណើនយឺតនៃអនុវិស័យកាត់ដេរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញពីភាពចាំបាច់ និងបន្ទាន់ក្នុងការកែទម្រង់រចនាសម្ព័ន្ធ និងពិពិធកម្មសេដ្ឋកិច្ចទៅរកវិស័យកាត់ដេរដែលមានតម្លៃបន្ថែមខ្ពស់ និងវិស័យសក្តានុពលផ្សេងទៀតដើម្បីបន្តចីរភាពកំណើនក្នុងរយៈពេលមធ្យម និងវែង។

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងរង្វង់ ៧,៥% ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ក្នុងនោះ វិស័យឧស្សាហកម្មបានដើរតួរយ៉ាងសំខាន់ជាវិស័យជំរុញកំណើន និងកើនឡើងក្នុងអត្រាប្រមាណ ១២,៣% ដោយសារកំណើនលើសពីការរំពឹងទុកនៃអនុវិស័យកាត់ដេរ, កំណើនរឹងមាំនៃអនុវិស័យសំណង់ និងអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ។ ដោយឡែក វិស័យសេវាកកម្មនៅតែបន្តកំណើនរឹងមាំ ក្នុងអត្រាប្រមាណ ៦,៥% ដែលគាំទ្រដោយកំណើនល្អប្រសើរនៃអនុវិស័យមួយចំនួន ដូចជាអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន, អនុវិស័យលក់ដុំ-រាយ, អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ និងអនុវិស័យអចលនទ្រព្យ។ វិស័យកសិកម្មនៅតែបន្តកំណើនទាប ពោលគឺក្នុងអត្រា ១,៧% ដោយសារការថមថយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ បើទោះបីជាអនុវិស័យនេសាទអាចរក្សាបានកំណើនខ្ពស់ជាងឆ្នាំ ២០១៧ បន្តិចបន្តួចក្តី។

ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ ២០១៨ នេះ ផ.ស.ស ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ២៤,៤ ប៊ីលានដុល្លារអាមេរិក ដែលធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១.៥៤៨ ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជាអាចរក្សាបាននូវអតិផរណា ដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណជា ២,៥% ក្នុងឆ្នាំ ២០១៨ ថមថយពី ២,៩% ក្នុងឆ្នាំ ២០១៧ ដោយសារកំណើនទាបនៃថ្លៃម្ហូបអាហារក្នុងស្រុក។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាពជាមួយនឹងការរំពឹងទុកថា ប្រាក់រៀលនឹងនៅបន្តរក្សាបាននូវតម្លៃប្រមាណ ៤.០៥៣ រៀលក្នុង ១ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៨ នេះ។

កាលបរិច្ឆេទ៖ March 18, 2019

Online MEF Database

កម្រងរូបភាព

អគ្គនាយកដ្ឋានគោលនយោបាយ